ទស្សនា​វីដេអូ​កូនសិស្ស២នាក់ អានប្រណាំងគ្នាលឿនស្លេវ មិន​​​ចាញ់​​​តារារ៉េប​ទេ

លោក​គ្រូ​ម្នាក់​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Wáh Ÿø បង្ហាញ​អារម្មណ៍សប្បាយ​ចិត្ត​​ នៅ​ពេល​បាន​ឃើញ​សិស្ស​ដែល​ខ្លួន​បាន​បង្រៀន ​មាន​សមត្ថភាព​អាច​អាន​អក្សរ​​បាន​​លឿន​មិន​ទាក់។ លោក​គ្រូ​រូប​នោះ​បាន​សរសេរ​រៀប​រាប់​ថា៖ «ជា​គ្រូ​បង្រៀន​ទោះ​បី​ហត់​នឿយ​យ៉ាង​ណា​ក៏​សប្បាយ​ចិត្ត នៅ​ពេល​មើល​ឃើញ​ថា ​សិស្ស​មាន​សមត្ថភាព»។

តាម​រយៈ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​សិស្ស​២​នាក់ សិស្ស​ប្រុស​ម្នាក់ និង​សិស្ស​ស្រី​ម្នាក់​អាន​ប្រណាំង​គ្នា ​ថា​តើ​នរណា​អាច​អាន​បាន​លឿន​ជាង​ហើយ​មិន​ទាក់។ ក្នុង​នោះ​សិស្ស​ទាំង​ ២​នាក់​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​អាច​អាន​អក្សរ​បាន​យ៉ាង​លឿន​សឹង​តែ​​ដូច​គ្នា។

សូម​បញ្ជាក់​ថា​ ការ​ដែល​សិស្ស​អាច​ប្រណាំង​គ្នា​បែប​នេះ​ គឺ​មាន​គោល​បំណង​ចង់​ឲ្យ​សិស្ស​មាន​ការ​គិត​កាន់​តែរហ័ស ងាយ​ក្នុង​ការ​ចាប់​បាន​នូវ​មេ​រៀន​ថ្មីៗ តែ​មិន​មែន​ក្នុង​គោល​បំណង​ឲ្យ​សិស្ស​អាន​លឿន​គ្រប់​ពេល​នោះ​ទេ តាម​ពិត​ការ​អាន​ត្រូវ​មាន​មាន​ក្បួន​ខ្នាត​ គឺ​អាន​ឲ្យ​ចំ​នូវ​តួអក្សរ ឲ្យ​ត្រូវ​សំនៀង​របស់​ពាក្យ​ដែល​អាន​មាន​ដង្ហើម​ មាន​ឃ្លា​ច្បាស់​លាស់ ​ទើបការ​​អាន​​ឲ្យ​អ្នក​​ស្ដាប់​​​​ងាយ​យល់។ មិន​មាន​ន័យ​ថា ​ការ​អាន​ឲ្យ​គេ​ស្ដាប់​មិន​បាន ឬ​មិន​យល់​ ចាត់​ទុក​ថា​ខ្លួន​ខ្លាំង​ពូកែ​នោះ​ទេ ​ប៉ុន្តែ​សម្រាប់​វិញ្ញាសារ​កុមារ​ទាំង​ពីរ​ គ្រូ​ចង់​ដឹង​ល្បឿន​អាន ​ភាព​រត់​មាត់​របស់​សិស្ស​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​លោក​គ្រូ​ខាង​លើ​បង្រៀន​សិស្ស​នៅ​ថ្នាក់​ទី​៤ ​តែ​មិន​បាន​បញ្ជាក់​ថា​បង្រៀន​នៅ​សាលា​ណា ហើយ​មាន​ទីតាំង​នៅ​ភូមិ ឃុំ​ណា​ដែរ។ ក្រោយ​ឃើញ​វីដេអូ​លោក​គ្រូ​បង្ហោះ​លើ​បណ្ដាញ​សង្គម ​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជា​ច្រើន មាន​​ការ​ចាប់​អារម្មណ៍​​ផង​ដែរ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត