ដូចឲ្យហេតុ!លេងសើចបង្ហោះរូបខ្លួនឯងស្លាប់ ២៤ម៉ោងក្រោយ ជួបឧបទ្ទវហេតុស្លាប់មែនទែន

Loading...

កាល​ពី​វេលា​ម៉ោង ៦​ព្រឹក ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩​ ម្សិល​មិញ​នេះ មាន​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ Fai Chi Ming បាន​​ដូរ​​រូប Profile Facebook ​ខ្លួន​ឯង​ដោយ​កាត់​រូប​ដាក់​ក្នុង​កម្រង​ផ្កា​សម្រាប់​សព និង​​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូច​ខ្លួន​ឯង​ស្លាប់​មែន​ទែន​អីចឹង ដោយ​ដាក់​ថា​«RIP since 8.8.2019 » ដែល​មាន​ន័យ​ថា សូម​ទៅ​កាន់​សេចក្តី​ស្ងប់​សុខ​ឬ​ទៅ​កាន់​សុគតិភព​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩។

តែ​នេះ​គ្រាន់​តែ​ជា​ការ​លេង​សើច​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ ហើយ​បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដ​ជា​ច្រើន​ភ្ញាក់​ផ្អើល ​ស្រាប់​តែ​មក​ដល់​វេលា​ម៉ោង​ ៦៖៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ សីហា ​ថ្ងៃ​បន្ទាប់​ ម្ចាស់​គណនី​ខាង​លើ​ពិត​ជា​បាន​ស្លាប់​មែន​ទែន ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ វា​ដូច​ជា​ការ​ឲ្យ​ហេតុ​មួយ​អីចឹង​ដែល​គ្រប់​គ្នា​មិន​នឹក​ស្មាន​ទាល់​តែ​សោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ និង​លោក​សង្ឃ​២​អង្គ​ទៀត រង​របួស​ធ្ងន់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ។ ហេតុការណ៍​ខាង​លើ​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩​ខែ​សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​កើត​កន្លែង​ឆែក​សំបុត្រ​ផ្លូវ​ទៅ​ស្រះ​ស្រង់ ស្ថិត​ក្នុង​ភូមិ​ក្រវ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប បង្ក​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បើក​បញ្ច្រាស​ទិស​គ្នា។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ម៉ូតូ​ទី​១ ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE:7784 បើកបរ​ដោយ​ឈ្មោះ នី យ៉ែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច(ស្លាប់) ក្នុង​នោះ​អ្នក​រួម​ដំណើរ​ដោយ​ព្រះ​សង្ឃ​២​អង្គ៖ ១.ភិក្ខុ ហ៊ន យុក ព្រះជន្ម​២២​វស្សា មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ តាកែវ(របួសធ្ងន់) ២.សាមណេ ម៉េង ចិន្ដា ព្រះជន្ម​១៥​ វស្សា ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ(របួស​ធ្ងន់)។

ព្រះ​សង្ឃ​ទាំង​២​អង្គ​គង់​នៅ​វត្ត​បន្ទាយ​ក្ដី ស្ថិត​ក្នុង​ភូមិ​ស្រង់​ត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។ ចំណែក​ភាគី​ម្ខាង​ទៀត​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម៉ាកzoomer x ពណ៌​ខ្មៅ​លាយ​ស ពាក់​ស្លាក​លេខ សៀមរាប1Z 7242 បើកបរ​ដោយ​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​០២​នាក់​ទិស​ដៅ​ពី​លិច​ទៅ​កើត(ស្លាប់​ទាំង​ពីរ​នាក់)។ តែ​ក្នុង​នោះ​ម្នាក់​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Fai Chi Ming ដែល​បាន​យក​រូប​ខ្លួន​ឯង​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វសប៊ុក​ថា​ខ្លួន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៨​ម្សិល​មិញ​ហើយ​នៅ​ថ្ងៃ​ទី​៩​ខែ​សីហា ឆ្នាំ​២០១៩​នេះ​បែរ​ស្លាប់​មែន​ទែន។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ទៀត​ថា ក្រោយ​កើត​ហេតុ សាកសព​ជន​រង​គ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​ពីរ​នាក់ បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប។ ដោយ​ឡែក-សាកសព​ម្នាក់​ទៀត​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ខេត្ត​តាកែវ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​នគរបាល​ចរាចរណ៍ ដឹក​យក​ទៅ​រក្សាទុក​ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី៕

 

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!