អាជ្ញាធរអប្សរាព្រមានថាបើនៅបន្តលក់ដូរ និងចងអង្រឹងក្នុងបរិវេណតំបន់អង្គរទៀត នឹងមានវិធានការក្តៅ

Loading...

យោង​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា​ឆ្នាំ​២០១៩ ​នេះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​បង​ប្អូន​អាជីវករ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ និង​សាធារណជន​ទាំង​អស់​មេត្តា​ជ្រាប់​ថា បច្ចុប្បន្ន​មាន​បង​ប្អូន​អាជីវករ​ និង​ភ្ញៀវ​ជាតិ​ទេសចរ​មួយ​ចំនួន​បាន​ក្រាក​កន្ទេល​ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទ​ព្រហ្ម​កិល និង​លើ​វាល​ស្មៅ​ជុំវិញ​កសន្ធុ​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​ពិសារ​អាហារ​និង​លំហែកាយ។

សកម្មភាព​ទាំង​នេះ​បាន​ប៉ះ​ពាល់​ដល់​គុណ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ ក៏​ដូច​ជា​ប៉ះ​ពាល់​ដល់​បរិស្ថាន​និង​សណ្ដាប់​ធ្នាប់​សាធារណ​នៃ​រមណីយដ្ឋាន​អង្គរ​ផង​ដែរ។ កន្លង​មក​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជា​មួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះ ប៉ុន្តែ​នៅ​មាន​បង​ប្អូន​អាជីវករ​និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ទេ ដោយ​យក​តែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង។

ក្នុង​ន័យ​នេះ​ដើម្បី​លើ​កម្ពស់ និង​តម្លៃ​លេច​ធ្លោ​ជា​សកល​នៃ​រមណីយដ្ឋាន​អង្គរ ក៏​ដូច​ជា​កិត្តិយស​ជាតិ​អាជ្ញាធរ​ជាតិ​អប្សរា សូម​ឲ្យ​បង​ប្អូន​អាជីវករ និង​ភ្ញៀវ​ទេសចរ​​ទាំង​អស់ ចូល​រួម​សហការ​បញ្ឈប់​សកម្មភាព​ក្រាល​កន្ទេល ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេងៗ នៅ​បរិវេណ​ជុំ​វិញ​ត្រពាំង​សេស មុខ​ប្រាសាទ​ព្រហ្ម​កិល និង​លើ​វាល​ស្មៅ​ជុំ​វិញ​កសន្ធុ​ប្រាសាទ​អង្គរ​វត្ត ដោយ​ទុក​រយៈ​ពេល​៤៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។

ករណី​បង​ប្អូន​អាជីវករ​និង​ភ្ញៀវ​ទេសចរ នៅ​តែ​បន្ត​សកម្មភាព​ទាំង​នេះ គណៈកម្មការ​ដឹង​នាំ និង​សម្រប​សម្រួល​រៀប​ចំ​សណ្ដាប់​ធ្នាប់​អ្នក​លក់​ដូរ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ នឹង​អនុវត្ត​វិធាន​ការ​រដ្ឋបាល រឹប​អូស​សម្ភារៈ​ទាំង​នោះ ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូច​ខាត់​ណា​មួយ​ឡើយ។ អាស្រ័យ​ដូច​បាន​ជ្រាប់​ជូន​ខាង​លើ សូម​បង​ប្អូន​អាជីវករ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​សាធារណ​ជន​ទាំង​អស់​មេត្តា​ជ្រាប់ និង​ចូល​រួម​សហការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!