មន្ត្រីជំនាញអះអាងថាករណីពុលនំប៉័ងគឺដោយសារតែភាពមិនស្អាតប៊័រ និង​សាច់ផ្អូម​ផ្ទុកមេរោគ

Loading...

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​មក​នេះ មាន​ករណី​ពុល​អាហារ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ចំនួន​៨​នាក់​នៅ​ឃុំ​ឃុនរាម ស្រុក​បន្ទាយ​ស្រី។ តាម​សមត្ថកិច្ច​សាក​សួរ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ពុល​នេះ​ដោយ​សារ​ពួក​គាត់​បាន​បរិភោគ​នំប៉័ង​ពី​អ្នក​ដើរ​លក់​ក្នុង​ភូមិ ដែល​ទិញ​មក​ពី​កន្លែង​ផលិត​នៅ​ស្រុក​ប្រាសាទ​បាគង។

ជា​មួយ​គ្នា​នេះ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​របស់​សុខាភិបាល​ថា ការ​ពុល​នំប៉័ង មិន​មែន​ដោយ​ជាតិ​គីមី​ទេ គឺ​ដោយ​សារ​តែ​ភាព​មិន​ស្អាត​ដែល​មាន​ប៊័រ ឬ​សាច់​ផ្អូម ផ្ទុក​មេរោគ ពី​ព្រោះ​ថា ក្រោយ​ការ​ទទួល​ទាន​នំប៉័ង លាប​ប៊័រ ដាក់​សាច់ ដែល​ដើរ​លក់​តាម​ភូមិ​ស្រុក រួច​ហើយ​ក្នុង​រយៈ​ពេល​៥​ទៅ​៧ ម៉ោង​ក្រោយ​បាន​ចាប់​ផ្តើម ឈឺ​ពោះ ក្អួត​រាគ ដោយ​សារ​ឥទ្ធិពល​នៃ Toxin មេរោគ។

ក្រោយ​ពី​ព្យាបាល​ដោយ​ការ​បង្គ្រប់​ជាតិ​ទឹក ថ្នាំ​បំបាត់​រាគ បំបាត់​ឈឺ​ពោះ បន្សាប​ជាតិ Toxin នៃ​មេរោគ អ្នក​ជំងឺ​នឹង​ធូរ​ស្រាល​វិញ។ មន្ត្រី​ជំនាញ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រសិន​បើ​ពុល​ដោយ​សារ​មាន​ជាតិ​គីមី​វិញ គឺ​អ្នក​ជំងឺ​មាន អាការៈ​រោគ​សញ្ញា​ភ្លាមៗ និង​មាន​កម្រិត​ធ្ងន់ធ្ងរ។ សមត្ថកិច្ច​នគរបាល​ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ផលិត ព្រម​ទាំង​ផ្អាក​សកម្មភាព​បណ្ដោះ​អាសន្ន​ផង​ដែរ។

រដ្ឋបាល​ខេត្ត សូម​ស្នើ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ទាំង​អស់ ពិសេស​ទំនិញ​ដែល​ជា​ម្ហូប​អាហារ គឺ​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត និង​បំពេញ​កាតព្វកិច្ច​នានា ពី​គ្រប់​សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ ដើម្បី​ធានា​ថា​ទីតាំង​ផលិត ក៏​ដូច​ជា​ទំនិញ​ដែល​ដាក់​លក់​មាន​សុវត្ថិភាព សុពលភាព និង​គុណភាព​សម្រាប់​អ្នក​ប្រើប្រាស់៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!