ស្ត្រីម្នាក់ខឹងញ័រដៃក្រោយយក​ក្រដាសប្រាក់រៀលខ្មែរទិញទូរស័ព្ទ បែរម្ចាស់ហាងមិនខ្ចីទទួល

Loading...

នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩​ នេះ តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ Sambath Zanika ដែល​ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ បាន​សម្ដែង​អារម្មណ៍​ខឹង​សម្បា​ជា​ខ្លាំង បន្ទាប់​ពី​ខ្លួន​បាន​យក​ប្រាក់​ប្រមាណ​ជាង​ ៤លាន​រៀល ទៅ​​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក ​OPPO A5S ច្រើន​គ្រឿង​ ដើម្បី​យក​ទៅ​លក់បន្ត តែ​ត្រូវ​ខាង​ក្រុម​ហ៊ុន​បដិសេធ​មិន​ទទួល​ប្រាក់​រៀល​ខ្មែរ ដោយ​ទាម​ទា​រ​ឲ្យ​អ្នក​ទិញ​ខាង​លើ​ទៅ​យក​ប្រាក់​ដុល្លារ​មក​ទើប​ទទួល ដោយ​មាន​ចិត្ត​ខឹង​បែប​នេះ​គណនី​ម្ចាស់​ហាង​ខាង​លើ​បាន​សរសេរ​រៀប​រាប់​ថា៖

«នៅ​ប្រទេស​ខ្មែរ​បើ​ក្រុម​ហ៊ុន​មិន​ទទួល​លុយ​ខ្មែរ​គិត​ម៉េច​ទៅ? លុយ​ខ្មែរ​វា​គ្មាន​តម្លៃ​សម្រាប់​ក្រុម​ហ៊ុន​អ្នក​មែន​ទេ? តែ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​បើ​ភ្ញៀវ​ជន​ជាតិ​ខ្មែរ​មក​ទិញ​ទូរស័ព្ទ​ហើយ​មិន​ព្រម​ទទួល​លុយ​ខ្មែរ​ហើយ​ខ្ញុំ​មិន​បាច់​លក់​ឲ្យ​មែន? ខឹង​ឡើង​ញ័រ​ដៃ​ហើយ​នេះ មិន​មែន​ឲ្យ​លុយ​ខ្មែរ​ហើយ​មិន​ឲ្យ​តាម​ហាង​ឆេង​ដុល្លារ​ទេ​ណា តែ​នេះ​ត្រឹម​លុយ​មួយ​ពាន់​ដុល្លារ​ជាង ក្រុម​ហ៊ុន​អ្នក​មិន​ទទួល​យក​ដែរ បើ​ខ្ញុំ​មាន​ដុល្លារ​ក៏​ខ្ញុំ​មិន​ថោក​យក​លុយ​ខ្មែរ​មក​ឲ្យ​អ្នក​ឯង​ដែរ ចង់​ចង​ក​ខ្ញុំ​ឲ្យ​យក​លុយ​ដុល្លារ​ពី​ណា​មក​ឲ្យ​អ្នក​ឯង។

ហើយ​ទើប​តែ​លើក​នេះ​ទេ ដែល​ខ្ញុំ​ឲ្យ​ដល់​មួយ​ពាន់​ជាង ព្រោះ​គិត​ថា​ក្រុម​ហ៊ុន​ចាយ​លុយ​ខ្មែរ តែ​ដឹង​អី​ក្រុម​ហ៊ុន​ឆ្លើយ​យ៉ាង​ភ្លើ​ថា ​មិន​ទទួល​លុយ​ខ្មែរ ប្រើ​ខួរ​គិត​ផង​ពួក​អ្នក​ឯង​ បើ​មិន​ចាយ​លុយ​ខ្មែរ​កុំ​មក​រក​ស៊ី​ស្រុក​ខ្មែរ»។ បន្ទាប់​ពី​មាន​ការ​បង្ហោះ​សារ​បែប​នេះ​លើ​គណនី​ហ្វេសប៊ុក ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ប្រតិកម្ម​ជា​ខ្លាំង​ចំពោះ​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ OPPO Cambodia ហើយ​ថែម​ទាំង​និយាយ​ទៅ​កាន់​ក្រុម​ហ៊ុន​នោះ​ថា បើ​មិន​ទទួល​ប្រាក់​រៀល​ខ្មែរ​គួរ​តែ​កុំ​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!