ឃើញភ្លើងឆេះស្រែប្រជាជន លោកពូផ្កាយ២ ដឹកនាំកម្លាំងអន្តរាគមន៍ជួយពន្លត់ភ្លាមៗ​ទាំងកណ្ដាលថ្ងៃចែស

Loading...

កាល​ពី​រសៀល​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មាន​ករណី​អគ្គីភ័យ​មួយ​កើត​ឡើង​លើ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ​នៅ​ភូមិ​ស្វាយចេក ក្រឡាមាឃ និង​ភូមិ​ខ្នាយកូវ ឃុំត្នោត ស្រុក​កញ្ចៀច ខេត្ត​ព្រៃវែង។ ភ្លាមៗ​នោះ គេ​ឃើញ​ឧត្តមសេនីយ៍ទោ ឡុង ស្រេង បាន​ចុះ​ដល់​កន្លែង ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះ​ជួយ​ពន្លត់​ដល់​រលត់​នៅ​ម៉ោង ៦:៣០នាទី​ល្ងាច។

បើ​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដុត​កញ្ជ្រាំង​សល់​ពី​ច្រូត​រួច ដើម្បី​ប្រញាប់​យក​ដី​ដាំ​ឪឡឹក។ ប៉ុន្តែ​ពេល​ដុត​រួច មិន​បាន​នៅ​មើល ស្រាប់​តែ​រាលដាល​ឆេះ​ដល់​ស្រែ​ដែល​មិន​ទាន់​ច្រូត ហើយ​ក៏​ឆេះ​កាន់​តែ​ខ្លាំង​ឡើងៗ។

ភ្លាមៗ​នោះ ឧត្តមសេនីយ៍ទោ ឡុង ស្រេង ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​ត្នោត បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ប្រមាណ ២០០នាក់​ជួយ​ពន្លត់ និង​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គីភ័យ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ រហូត​អាច​គ្រប់​គ្រង​ស្ថានការណ៍​ទាំង​ស្រុង នៅ​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច។

​​​ចំពោះ​ស្រូវ​ដែល​ខូច​ខាត មាន​ទំហំ​ជាង ៨​ហិកតា។ លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង ក៏​បាន​ថ្លែង​អំណរ​គុណ ដល់​ឧត្តមសេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ និង​លោក បិន្ត ជីវ័ន្ត អភិបាល​ស្រុក​កញ្ច្រៀច ព្រម​ទាំង​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​បាន​ខិត​ខំ​ខ្នះ​ខ្នែង​ជួយ​ទាំង​អស់​គ្នា រហូត​អាច​ពន្លត់​អគ្គីភ័យ​នេះ​បាន។

ជា​ញឹក​ញាប់ គេ​តែងតែ​ឃើញ​លោក ឡុង ស្រេង ​ចុះ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នានា​នៅ​ក្នុង​ឃុំ​ត្នោត។ ជាក់​ស្ដែង​ថ្មីៗ​កន្លង​ទៅ​នេះ លោក​ទើប​ចែក​អាវ​រងា​ជូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ដើម្បី​បង្ការ​ក្នុង​ខែ​ត្រជាក់។ លើស​ពី​នេះ លោក​ក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន រៀប​ចំ​ទិញ​ជា​សម្ភារ​សិក្សា និង​កង់ ចែក​ជូន​សិស្ស​ជា​ញឹក​ញាប់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្នោត​មាន​អារម្មណ៍​ថា​កក់ក្ដៅ​យ៉ាង​ខ្លាំង៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!