ធ្វើចំការរាល់ឆ្នាំមិនអី បែរលើកនេះបើកត្រាក់ទ័រជាន់មីនតោនផ្ទុះកក្រើកដីបណ្តាលឲ្យរងរបួសយ៉ាងដំណំ

Loading...

នៅថ្ងៃសុក្រ ២រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ១៣និង៣០នាទី នៅចំណុចខាង ត្បូងភ្នំហេងដានស្ថិតក្នុងភូមិហុងទឹក ឃុំបារាំង ធ្លាក់ ស្រុកភ្នព្រឹក ខេត្តបាត់ដំបង មានករណីត្រាក់ទ័រជាន់មីនតោនបណ្ដាយឲ្យផ្ទុះរញ្ជួយដី មានមនុស្សរងរបួសបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលដែលឈ្មោះ គ្រី ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកបរត្រាក់ទ័រភ្ជួរដីចំការដើម្បីបង្កបង្កើនផល បន្ទាប់ពីដីនោះបានធ្វើការប្រមូលផលពោតរួចរាល់ នាពេលថ្មីៗកន្លង ទៅនេះ ក៏ស្រាប់តែគាត់បើកបរត្រាក់ទ័រមកជាន់លើគ្រាប់ម៉ីនតោនមួយគ្រាប់ ដែលបង្កប់នៅក្នុងដី បណ្តាលឲ្យផ្ទុះឡើងកក្រើក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាននៅទីនោះ។

ក្នុងឧប្បត្តិហេតុនេះ បានបណ្តាលឲ្យជនរងគ្រោះឈ្មោះ គ្រី ប្រុស ទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបាន នាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន រីឯត្រាក់ទ័រដែលកំពុងភ្ជួរនោះ បានទទួលរងការខូចខាតទាំងស្រុង។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ដីចំការដែលកើតឧប្បតិ្តហេតុនាពេលនេះ ត្រូវបានម្ចាស់ចំការធ្វើការភ្ជួររាស់ដាំដុះ បង្កបង្កើនផល ជារៀងរាល់ឆ្នាំ ប៉ុន្តែពេលមុនៗ មិនមានបញ្ហាអ្វីនោះទេ ទើបក្នុងថ្ងៃនេះ ការភ្ជួរដីរបស់គាត់បាន ប៉ះចំគ្រាប់មីនតោន ដែលកប់នៅក្នុងដី និងបណ្តាលឲ្យកើតមាននូវឧប្បត្តិហេតុបែបនេះតែម្តង។

សូមជម្រាបជូនថា ក្នុងភូមិសាស្រ្តស្រុកនៅតាមតំបន់ព្រំដែនរហូតមកដល់ពេលនេះ នៅមាន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅសេសសល់រាយ ប៉ាយទាំងក្នុងដី និងនៅលើដីនៅឡើយ ដែល យុទ្ធភ័ណ្ឌទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្ល៉េះ ហើយជារឿយៗយុទ្ធភ័ណ្ឌទាំង នេះតែងតែបង្កនូវមហន្តរាយដល់ប្រជាពលរដ្ឋនិងទ្រព្យសម្បតិ្តនៅទីនោះ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!