គ្រូបង្រៀនចេញមុខបកស្រាយរឿងកូនចៅកែការ៉ាស់សាំងព្រួតវាយចោទថាលួចមើលស្រីៗក្នុងបន្ទប់ទឹក

Loading...

បុរសម្នាក់ត្រូវគេចោទថា បានលួចថតរូបក្នុងបន្ទប់ទឹកស្រីៗនៅការ៉ាស់សាំងមួយកន្លែង និងត្រូវបានគេវាយបែកមុខបែកមាត់​ ពេលនេះបានចេញមុខស្រាយបំភ្លឺ ដោយអះអាងថា នេះជាករណីយល់ច្រឡំ ហើយលោកពុំមានចេតនាអាក្រក់ឡើយ ព្រោះលោកក៏ជាអ្នកចេះដឹងម្នាក់ដែរ។

លោកបានសរសេររៀបរាប់ថា «សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯង ដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៏ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៏រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “ឯងធ្វើអី” ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់។

សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះ ក៏មិនមែនថ្ងៃទី ១៦ ធ្នូដែរ។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ។ ថៅកែរូបនោះបានសម្លុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុកទេ ហើយក៏គ្មានអ្នកណាជួលដែរ។

ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់។ សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែ វាយរហូតដល់ស្លា ប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ។

ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ ១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំ ហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់។ ២. ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។ ៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យ ឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។

៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៏ដោយសារគ្រូបង្រៀនដែរ។ សូមបងប្អូនគិតពិចារណាតាមការគួរ។ សូមអរគុណ»៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!