សាលាវត្ដបូព៌ត្រូវបានជ្រើសរើសជាទីតាំងប្រារព្ធទិវាអន្ដរជាតិនៃការអប់រំលើកដំបូងនៅកម្ពុជា

Loading...

អង្គការ អេដ អេ អាក់ស្យុងកម្ពុជា ដែលជាអ្នករៀបចំកម្មវិធី បានសម្រេចជ្រើសរើស យកសាលាបឋមសិក្សាវត្ដបូព៌ ក្នុងខេត្ដសៀមរាប ធ្វើជាទីតាំងសម្រាប់ការប្រារព្ធ ទិវាអន្ដរជាតិ នៃការអប់រំលើកដំបូង នៅក្នុងប្រទេស​កម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នំា២០២០ ម្សិលមិញនេះ ដើម្បីលើកទឹកចិត្ដដល់គ្រូបង្រៀន និងអរគុណដល់ការអប់រំ ឬការសិក្សារៀនសូត្រ ដែលថាវិស័យអប់រំនេះ បានផ្ដល់អំណាចដល់មនុស្សជាតិ ការពារភពផែនដី កសាងវិបុលភាព និងជួយកសាង រក្សាសន្ដិភាពនៅលើពិភពលោក។

លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្ដបូព៌ មានប្រសាសន៍ថា នេះជាលើកទី១នៅកម្ពុជា ដែលបានប្រារព្ធទិវាអន្ដរជាតិនៃការអប់រំ ហើយទិវានេះពិតជាមានសារៈសំខាន់ណាស់ ដែលមានសិស្សជាច្រើនពាន់នាក់ បានចូលរួមអរគុណដល់ការអប់រំ អរគុណដល់ការសិក្សារៀនសូត្រ ព្រោះថាវិស័យអប់រំបានធ្វើឲ្យមានអ្វីៗគ្រប់យ៉ាងនៅលើពិភពលោក ហើយការសិក្សារៀនសូត្រនេះ បានផ្ដល់អំណាចដល់មនុស្សជាតិគ្រប់រូប គឺមានការអប់រំ មានសន្ដិភាព ព្រោះបើគ្មានការអប់រំនេះទេ គឺគ្មានសន្ដិភាព និងប្រទេសជាតិក៏មិនរីកចម្រើនដែរ។

លោក ពឹង គឹមឆេន មានប្រសាសន៍បន្ថែមថា វិស័យអប់រំនៅលើពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា មានការរីកចម្រើនទៅមុខជាបន្ដបន្ទាប់នោះ ដោយសារមានការចូលរូមគាំទ្រពីម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន លោកគ្រូងអ្នកគ្រួ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ដទុកដាក់ឲ្យមានការអប់រំ ប្រកបដោយភាពល្អប្រសើរ មិនឈប់ឈរនាពេលកន្លងមកនេះ ។

លោក វន សំភាស់ នាយកប្រចាំប្រទេស នៃអង្គការ អេដអេអាក់ស្យុងកម្ពុជា បានមានប្រសាសន៍ថា ទិវាអន្ដរជាតិនៃការអប់រំនេះ គឺជាការដាស់ស្មារតី ក៏ដូចចង់ឲ្យអ្នកពាក់ព័ន្ធ ជាពិសេសអាណាព្យាបាលសិស្ស ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យកចិត្ដទុកដាក់ លើវិស័យអប់រំបានគ្រប់គ្នានៅទូទាំងប្រទេសកម្ពុជា ព្រោះថា ក្នុងរយៈពេលជាង៣ទស្សវត្សរ៍ កន្លងមកនេះ ពោលក្រោយពេលបញ្ចប់សង្គ្រាម វិស័យអប់រំនៅកម្ពុជាមានភាពរីកចម្រើន និងមានការអភិវឌ្ឍជឿនលឿន គួរឲ្យចាប់អារម្មណ៍ ខណៈបច្ចុប្បន្ននេះ នៅកម្ពុជាមានសាលារៀនរីកដុះដាលគ្រប់ទីកន្លែង ហើយវិស័យអប់រំនេះ បានធ្វើឲ្យប្រទេសជាតិ មានការប្រែប្រួលទៅមុខឥតឈប់ឈ ទាំងសង្គមសេដ្ឋកិច្ច សេដ្ឋកិច្ចក្នុងសង្គមគ្រួសារ ដែលបានធ្វើឲ្យមានការទទួលស្គាល់ពីបណ្ដាប្រទេសមហាអំណាច នៅលើពិភពលោក។

គួររំលឹកថា សាលាបឋមសិក្សាវត្តបូព៌ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដែលមានផ្ទៃដីសរុប ១៣ ៧០២,៦០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សាលាបឋមសិក្សាវត្តបូព៌ ត្រូវបានវាយតម្លៃក្នុងកម្រិតជាសាលាបឋមសិក្សាគំរូបំផុត ក្នុងប្រទេសកម្ពុជា ដោយឈរលើទស្សនវិស័យចំនួន០៣គឺ ៖ ១.គុណភាពសិក្សាខ្ពស់ (បញ្ចប់បឋមសិក្សា១០០% រៀន ICT និង០២ភាសា) , ២. សុខភាព និងបរិស្ថានល្អ និង ៣.ឥរិយាបថថ្លៃថ្នូរ (សុជីវធម៌ សីលធម៌ គុណធម៌) ហើយមានសារព័ត៌មានជាតិ អន្តរជាតិ ជាពិសេសឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងបណ្តាអង្គការផ្សេងៗ តែងតែចុះទៅបំពេញទស្សនកិច្ចសិក្សា ដើម្បីសម្តែងការលើកទឹកចិត្ត ដល់កិច្ចប្រឹងប្រែងរបស់សាលាទាំងមូលផងដែរ។

លោកនាយក ពឹង គិមឆេន សាលាបឋមសិក្សាវត្តបូព៌ បានទទួលរង្វាន់ « សម្តេចតេជោ សែន ពានរង្វាន់នាយក សាលាល្អឆ្នាំសិក្សា ២០១៣-២០១៤» កាលពីឆ្នាំ២០១៤ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងមានចំណុច ជាង៦០ចំណុច ដែលក្រសួងបានដាក់ ដើម្បីជ្រើសរើសនាយកសាលាល្អទូទាំងប្រទេស និង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់កិត្តិយសជានាយកសាលាឆ្នើមបំផុតប្រចាំឆ្នាំ២០១៥៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!