ឡាវប្រកាសសុំជំនួយចិនភ្លាមពេលរកឃើញអ្នកឆ្លងកូវីដ ២ករណីដំបូង ឥលូវក្រុមជំនាញចិន​មកដល់ហើយ

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន រួមជាមួយសម្ភារៈវេជ្ជសាស្ត្រ បានទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ តាមយន្ដហោះព្រឹកថ្ងៃអាទិត្យម្សិលមិញ ដើម្បីជួយប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជំងឺកូវីដ-១៩។ លោក Somdy Douangdy ឧបនាយករដ្ឋមន្រ្តីឡាវ និងជាប្រធានគណៈកម្មាធិការក្រុមការងារពិសេស សម្រាប់ការការពារ និងត្រួតពិនិត្យជំងឺកូវីដ១៩ និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសឡាវ គឺលោក Jiang Zaidong បានទទួលអ្នកជំនាញវេជ្ជសាស្ត្រចិន នៅឯអាកាសយានដ្ឋានអន្តរជាតិ Wattay ។

ក្រុមជំនួយនេះបានមកដល់ប្រទេសឡាវមិនដល់ប្រាំថ្ងៃផង បន្ទាប់ពីភាគីឡាវបានប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីដំបូងរបស់ខ្លួន និងបានស្នើសុំជំនួយពីប្រទេសចិនបន្ទាន់តែម្ដង។ ប្រទេសឡាវបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៨ករណី គិតត្រឹមរសៀលថ្ងៃសៅរ៍កន្លងទៅ។

ឧបនាយករដ្ឋមន្រ្តីឡាវខាងលើ បានមានប្រសាសន៍ថា ភាគីឡាវពិតជាមានអំណរគុណចំពោះក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ដែលបានមកដល់ក្នុងរយៈពេលតែ ៥ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសឡាវបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩។ លោកបានបន្តថា កាយវិការរបស់ចិន ឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជ្រាលជ្រៅ ពីភាគីចិនដល់ប្រជាជនឡាវ ហើយភាគីឡាវ នឹងប្រើប្រាស់ការគាំទ្រជំនួយសម្ភារៈយ៉ាងពេញលេញដែលផ្តល់ដោយភាគីចិន ហើយនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅទីក្រុងវៀងចន្ទ លោក Jiang Zaidong មានប្រសាសន៍ថា “មិត្តដែលខ្វះខាត គឺជាមិត្តពិតប្រាកដ” ដោយបន្ថែមថា ប្រទេសចិននឹងមិនភ្លេច ព្រោះប្រទេសឡាវធ្លាប់បានបរិច្ចាគប្រាក់ និងសម្ភារៈប្រឆាំងនឹងជំងឺឆ្លងជាច្រើន ហើយចាំបាច់ដល់ប្រទេសចិន ព្រមទាំងព្យាយាមអស់ពីសមត្ថភាពរហូតទទួលបានជោគជ័យ៕(ប្រែសម្រួល៖និស្ស័យ, ប្រភព៖សារព័ត៌មានស៊ិនហួ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត