ម្ចាស់ផ្ទះជួលម្នាក់នៅខេត្តសៀមរាបប្រកាសមិនយកថ្លៃឈ្នួលផ្ទះរយៈពេល៣ខែក្នុងពេលមានវិបត្តិកូវីដ១៩

បញ្ហាជំងឺកូវីដ១៩ គឺមានបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ មកទល់ពេលនេះមានអ្នកឆ្លងចំនួនជាង៧សែននាក់ហើយ ខណៈអ្នកស្ល​ាប់កើនឡើងជាង៣ម៉ឺន៣ពាន់នាក់។ បញ្ហាប្រឈមនៃជំងឺនេះ បានធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់ប្រទេសលើពិភពលោក ក្នុងនោះដែរ ប្រទេសកម្ពុជាក៏កំពុងតែជួបបញ្ហាដូចគ្នា ដោយសារបងប្អូនមួយចំនួនត្រូវបាត់បង់ចំណូលព្រោះមិនអាចប្រកបរបរបានដូចពីមុន។

ដោយឃើញការពីការលំបាកទាំងអស់នេះហើយ ទើបមានប្អូនសប្បុរសជនជាច្រើន មានទឹកចិត្តចុះចែកអង្ករ ចែកគ្រឿងបរិភោគដល់អ្នកក្រីខ្វះខាត ដើម្បីដោះស្រាយបញ្ហាជីវភាពបានមួយផ្នែក ជាពិសេសគឺពួកគាត់មិនត្រឹមតែ ចែកគ្រឿងបរិភោគប៉ុណ្ណោះទេ ពួកគាត់ថែមទាំងបាន ចែកម៉ាស់ ទឹកអាកុលលាងដៃដើម្បីឲ្យពួកគាត់ការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងការមើលឃើញពីការលំបាករបស់់បងប្អូនខ្មែរដែលមានជីវភាពខ្វះខាតហើយចំពេលមានវិបត្តិជំងឺកូវីដ១៩ បែបនេះទើប បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ «ដឺមី សុខាគង់ » ដែលជាម្ចាស់ផ្ទះជួយមួយកន្លែងនៅខេត្តសៀមរាប សុខចិត្តមិនយកប្រាក់ថ្លៃជួលផ្ទះ រយៈពេល៣ខែ ដើម្បីជួយសម្រួលដល់ជីវភាពក្នុងគ្រាដែលមានអាសន្នបែបនេះ ដែលនេះជាទង្វើដ៏គួរឲ្យសរសើរមួយ ហើយមានទឹកចិត្តសប្បុរសខ្លាំងណាស់។

លោកក៏បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ដែរជាម្ចាស់ផ្ទះមួយ មានបន្ទប់ជួលចំនួន១០បន្ទប់ ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់ទាំងអស់ នៅភូមិសាលាកន្សែង ឃុំសាលាកន្សែង ស្រុកសៀមរាប ខេត្តសៀមរាប ដោយសារតែមានជំងឺ Covid 19 ដ៏កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះនេះ មិនយកថ្លៃបន្ទប់ជួលចំនួន៣ខែដោយចាប់ពីខែនេះទៅ»។

បន្ទាប់ពីបានឃើញទង្វើចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាក្នុងគ្រាដែលមានទុក្ខលំបាកបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើនជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កោតសរសើរទឹកចិត្តលោកជាខ្លាំង ថាលោកជាមនុស្សល្អ កម្ររកបាន ហើយអ្នកខ្លះថែមទាំងជូនពរលោក ឲ្យមានសុខភាពល្អ ការរកស៊ីកាន់តែមាភាពជោគជ័យ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត