នៅថ្ងៃខួបអាពាហ៍ពិពាហ៍ស្ត្រីម្នាក់បង្ហាញប្រវត្តិស្នេហ៍ដ៏គួរឲ្យសរសើរ អានហើយអាចលួចច្រណែន

កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០កន្លងទៅ ស្ត្រីម្នាក់មានគណនីហ្វេសប៊ុក ឈ្មោះ «រ៉ា នូ» បានបង្ហាញពីប្រវត្តិស្នេហ៍របស់ខ្លួន ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២៦ឆ្នាំ ធ្វើឲ្យមហាជនដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកោតសរសើរលើរូបគាត់ជាខ្លាំង ព្រោះគាត់ជាមនុស្សដែលមានសំណាងម្នាក់ ដែលមានស្វាមីដែលជាកំលោះសង្ហារ មានគ្រប់បែបយ៉ាង មកស្រលាញ់ខ្លួន ទោះបីជាគាត់អះអាងថារូបគាត់ពុំមានអ្វីសោះ សូម្បីតែរូបសម្បត្តិ ខណៈដែលមានស្រីដទៃជាច្រើនទៀតតាមសុំស្រលាញ់ប្តីរបស់គាត់ តែប្តីគាត់មិនដែលយកចិត្តទុកដាក់។

គាត់ក៏បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «អូនចាំថា អូនសួរបង ហេតុអ្វីបានបងស្រលាញ់អូន? បើអូនគ្មានអ្វីសោះ សូម្បីតែរូបសម្បត្តិ បងឆ្លើយថា អូនមានអ្វីដែលនារីដ៏ទៃគ្មាន គ្រាន់តែបងប្រាប់ថាស្រលាញ់អូន ពេលនោះអូនរំភើប រកពាក្យអ្វីមកនិយាយមិនកើត សឹងមិនជឿខ្លួនឯង ព្រោះតាំងពីតូចដល់ធំ អូនមិនដែលមាន មនុស្សប្រុសណា មើលមុខអូនឡើយ។

យើងទាំង២ បានរៀបការ រួមរស់ជាមួយគ្នាអស់រយៈពេល២៦ឆ្នាំ អូនមានមោទនភាព ចំពោះខ្លួនឯងណាស់ ព្រោះថាលោកប្តី កាលនោះជាកំលោះសង្ហារ មានគ្រប់បែបយ៉ាង ឯអូនជានារីម្នាក់ ដែលគ្មានអ្វីសោះ ថែមទាំងរូបសម្បត្តិក៏អាក្រក់ មិនស្អាតដូចនារីដទៃ ព្រោះពេលនោះ បងមានមនុស្សស្រីច្រើនណាស់តាមយកចិត្ត ស្ម័គ្រចិត្តស្រលាញ់បង។

តែបងបែជាជ្រើសរើសអូនស្រលាញ់ពេញចិត្ត ពេញបេះដូងបង ព្រមទាំងផ្តល់កិត្តិយស រៀបអាពាហ៍ពិពាហ៍ជាមួយអូន ផ្តល់គ្រប់បែប គ្រប់យ៉ាង ក្តីស្រលាញ់ ការគោរព ភាពស្មោះត្រង់ ការជឿជាក់ សំខាន់បំផុតយើងទាំង២មានមរតកជីវិត២នាក់ ជាកូនល្អប្រកបដោយគុណធម៌ ព្រមទាំងមានសមត្ថភាព ធ្វើឲ្យយើងមានមោទនភាពចំពោះគេ អូនអរគុណលោកប្តី សម្រាប់គ្រប់បែប គ្រប់យ៉ាង ថ្ងៃចន័្ទ ៧កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូលនឹងថ្ងៃទិ ៣០/០៣/២០២០ ខួបអាពាហ៍ពិពាហ៍យើងទាំង២៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត