ផឹកប៉ះចំស្រាកាច បែកគំនិតដេញកាប់ប្រពន្ធ តែមិនបាន ដុតផ្ទះចោល​​រំសាយកំហឹង

បន្ទាយមានជ័យ ៖ បុរសម្នាក់វ័យពាក់កណ្តាលសតវត្ស ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ពីបទប្រើអំពើហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ នៅម៉ោង១១និង៣០នាទីព្រឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុក បានឲ្យដឹងថា៖ តាមបណ្តឹងពីជនបង្កឈ្មោះ ព្រឹម បួត ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យថា មានឈ្មោះ វ៉ាន វ៉ោន ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាប្ដីរបស់គាត់ មកពីដើរផឹកស្រាស្រវឹងហើយបង្ករករឿងក្នុងគ្រួសារ និងបានឈ្លោះប្រកែកគ្នាជាមួយនឹងគាត់រហូតឈានដល់ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តីកំណាច បានទាញកាំបិតខ្វែវដេញកាប់តែគាត់រត់គេចផុត។

ដោយមិនអស់ចិត្តប្តីចិត្តអប្រីយ៍រូបនេះ បានវាយបំបែកពាងទឹក វាយចានឆ្នាំង និងដុតផ្ទះបាយបណ្តាលឲ្យ អស់៨០% និងឆេះរបស់របរនៅក្នុងផ្ទះបាយមានខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសំភារះមួយចំនួនទៀត។ម្យ៉ាងវិញទៀតប្តីប្រមឹកនេះ គឺផឹកស្រាស្រវឹងជាប្រចាំ ហើយប្រច័ណ្ឌគាត់ គាត់ទៅដើររើសគួស្រូវយកមកបុកអង្ករដាំបាយហូបបែរចោទថាគាត់មានប្រុស។

លោកអធិការបានបញ្ជាក់ថា៖ ក្រោយពេលទទួលបានបណ្ដឹងកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ប៉ោយចារ បានចុះបង្រ្កាប ធ្វើការនាំខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។​ នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថាខ្លួនពិតជាបានដេញកាប់ប្រពន្ធនិងដុតផ្ទះបាយចោលមែន ។

ដោយផ្អែកលើចម្លើយសារភាពនិងបណ្តឹង ព្រមទាំងសំណូមពរ ជនរងគ្រោះជាប្រពន្ធ សុំអោយសមត្ថកិច្ចចាត់ការប្តីកំណាចនេះតាមវិធានការច្បាប់នោះ ជនបង្កឈ្មោះ វ៉ាន វ៉ោន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត